សម្ដេច​ក្រឡាហោម ស ខេង បញ្ជាឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាប់​ម្ចាស់​ ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ ​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ដែល​ហៅ​កាត់​ថា (​គ​.​ប​.​ផ​.​ក​) ​នោះ​ត្រូវ​ចាប់​អ្នក​ផលិត ​ឬ​ម្ចាស់​ទីតាំង​ផ្ទុក​ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន ដើម្បី​ធ្វើ​យ៉ាង​កុំ​ឲ្យ​ករណី​នេះ​កើត​មាននៅ​កម្ពុជា​បន្ត​ទៀត​។

ការបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បែបនេះគឺបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីកម្ទេចនិងបំផ្លាញចោលនូវទំនិញក្លែងក្លាយ៧០តោន ដែលបង្ក្រាបនាពេលកន្លងទៅ នៅទីលានដីតាមបណ្តោយមហាវិថី សម្តេចតេជោ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ដាក់បទបញ្ជាទៅគណៈកម្មាធិការថា លើកក្រោយមិនមែនថា ចង់កាត់ទោសអ្នកនេះអ្នកនោះទេ លើកក្រោយបើថា ចាប់បានផលិតផលហ្នឹងហើយ ត្រូវតែចាប់ម្ចាស់ឲ្យបាន បើមិនចាប់បានម្ចាស់ទេ ខ្ញុំនឹងមិនមកចូលរួមបំផ្លាញទៀតទេ នេះលក្ខខណ្ឌរបស់ខ្ញុំស្តាប់ឲ្យបាន។ បើគ្រាន់តែចាប់បានផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបានអស់ផលិតផលក្លែងក្លាយ? បើមិនព្រមចាប់ម្ចាស់អ្នកផលិតផងនោះ ហើយលក្ខខណ្ឌបើចង់ឲ្យខ្ញុំមកត្រូវចាប់ម្ចាស់ ឬអ្នកទទួលខុសត្រូវ លើផលិតផលក្លែងក្លាយនេះឲ្យបាន» ។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា ការចាប់ត្រឹមតែផលិតផលហើយចាប់ម្ចាស់មិនបាន វាប្រៀបបានដូចជាការបក់ផ្សែងយ៉ាងដូច្នេះដែរ។ ដូច្នះហើយក្រុមការងារត្រូវតែខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់នូវផលិតផលទាំងនេះ ក្នុងគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ជាដើម។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បន្ថែមទៀតនូវផលិតផលក្លែងក្លាយនេះ ដើម្បីមុខមាត់ប្រទេស និងសុខ ភាពទូទៅរបស់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយនិងទិញខូចគុណភាព ដែលកម្ទេចចោលនាព្រឹកនេះរួមមាន ថ្នាំពេទ្យក្លែងក្លាយចំនួន១០៦មុខ ស្មើនឹង ៤០០គីឡូក្រាម, ទឹកសុទ្ធម៉ាក Evain, Saint amand,Montcalm ចំនួន៥,៥២០កេស ស្មើនឹង៦២,៦៤០គីឡូក្រាម និងផលិតផល ជីកសិកម្ម ចំនួន៧,៨៥០គីឡូក្រាម សរុបទាំងអស់មានចំនួនជាង៧០តោន៕