អភិបាលខេត្តព្រះសីហនុ ដាក់បញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវ រកមុខសញ្ញាមេខ្លោងនៅពីក្រោយខ្នង ករណីដើរចាប់ដីអនាធិបតេយ្យ

ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុរួមជាមួយ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ត្រូវធ្វើការស្រាវជ្រាវតាមដានរកមុខសញ្ញាមេខ្យល់ និងក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យទាំងអស់នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

ការដាក់បញ្ជារបស់អភិបាលនេះធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយដើម្បីចាត់វិធានការណ៍ចំពោះក្រុមពលរដ្ឋដើរចាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង៤ កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្តព្រះសីហនុផងដែរ។ លោកបានបញ្ជាក់បន្ថែមថា ប្រទេសមានច្បាប់ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ។

គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំបន្ទាន់ខាងើនេះគឺបានផ្ដោតសំខាន់ទៅលើការអប់រំផ្សព្វផ្សាយ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមពលរដ្ឋមួយចំនួនដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃដែលនៅទំនេរ និងដីសាធារណៈរបស់រដ្ឋផងដែរ។