ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ខណ្ឌ​ដង្កោ​អបអរសាទរ​ការផ្លាស់​ចេញ​របស់​លោក នុត ពុធ​ដា​រ៉ា​

មន្ត្រីៗ​ជា​សមាជិក​បក្ស​ខណ្ឌដង្កោ​បង្ហើប​ឱ្យដឹងថា លោក នុត ពុធ​ដា​រ៉ា បាន​ធ្លាប់​លើកឡើង​ក្នុង​អង្គប្រជុំ​បក្ស​ថា ខ្លួន​នឹង​ត្រូវ​ផ្លាស់​ចេញ​ពី​ខណ្ឌ​ដង្កោ ។​

​លោក នុត ពុធ​ដា​រ៉ា និយាយ​បែប​នេះ ធ្វើ​ឱ្យ​សមាជិក​បក្ស​ម្នាក់ៗ​មាន​ចម្ងល់​ថា ម្តេច​ក៏​លោក ហ៊ាន​និយាយ​មុន​អនុក្រឹត្យ ឬ​រាជក្រឹត្យ​ប្រកាស​សម្រេច​ឱ្យ​ផ្លាស់ចេញ ឬ​មួយ​ក៏​លោក​ដឹង​មុន ? លោក នុត ពុធ​ដា​រ៉ា បញ្ជាក់​រឿងនេះ គឺ​សម្តេច ហ៊ុន សែន បាន​ទូរស័ព្ទ​មក​គាត់ ។

​សមាជិក​បក្ស​ខណ្ឌ​ដង្កោ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រិះគន់ថា គេ​មិន​ទាន់​បាន​ដឹង​ពី​អនុក្រឹត្យ ឬ រាជក្រឹត្យ​ប្រកាស​ផង ហេតុ​អី​ក៏​លោក នុត ពុធ​ដា​រ៉ា ហ៊ាន​និយាយ​មុន ហើយ​ហ៊ាន​យកឈ្មោះ សម្តេច ហ៊ុន សែន មក​សង្កត់​លើ​សំដី​របស់​ខ្លួន ដែល​ជា​ការប្រមាថ​មួយ ព្រោះ​ការផ្លាស់ប្តូរ​តំណែង​អភិបាលខណ្ឌ គឺ​ជា​បន្ទុក​របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គឺ សម្តេច​ក្រឡាហោម ស ខេង ជា​អ្នក​ធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល ដែល​ជា​រឿង​លាក់​ការណ៍ មិន​ត្រូវ​យក​មក​ទម្លាយ​ក្នុង​អង្គប្រជុំ​ឡើយ ឬ​មួយ​ការនិយាយ​បែបនេះ គឺ​ចង់​ស្ទង់​ស្ទាប​ទស្សនៈ​មហាជន​នៅពេលដែល​លោក​ផ្លាស់ប្តូរ​ចេញ គឺ​មាន​អ្នក​ស្តាយក្រោយ​ស្រណោះ​គាត់​ដែរ​ឬទេ ?

​ព័ត៌មាន​បែបនេះ បាន​លេចឮ​តាម​ទីសាធារណៈ​ទៅហើយ ហើយ​ធ្វើឱ្យ​មាន​ការ​ស្តែង​ចេញ​ពី​ទឹកចិត្ត​ប្រជាពលរដ្ឋ និង​មន្ត្រី​ក្នុង​ខណ្ឌ​-​សង្កាត់ ថា ពួកគេ​អបអរសាទរ​ចំពោះ​ការផ្លាស់ប្តូរ​ចេញពី​ខណ្ឌ​ដង្កោ​របស់លោក នុត ពុធ​ដា​រ៉ា ព្រោះថា លោក​មាន​អត្ត​ចរិក​ឆ្មើងឆ្មៃ នាម៉ឺន​និយម ចង្អៀតចង្អល់ ចំពោះ​មហាជន ជាពិសេស ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​នៅក្នុង​ខណ្ឌ និង​ក្នុង​សង្កាត់ ៕